ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល ចុះរឹតបន្តឹងអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដីដែលពុំមានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចំពោះអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដែលពុំមានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងស្រុកកណ្តាលស្ទឹង។

ជាក់ស្តែងថ្ងៃនេះ គណៈកម្មការចម្រុះបានធ្វើការបិទអាជីវកម្ម ០១កន្លែង ដែលពុំមានច្បាប់អនុញ្ញាត ហើយធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា ។ ទន្ទឹមនោះ បានផ្អាកអាជីវកម្មចំនួន ០២ កន្លែង ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី ឃុំថ្មី ដែលជីកលើសដែនអាជ្ញាប័ណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។

ឯកឧត្តមបានណែនាំនិងលើកទឹកចិត្តម្ចាស់អាជីវកម្ម អោយប្រកបរបរអោយបានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ០៣កន្លែងនេះ គណៈកម្មការនឹងអនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសារ៉ែចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។

ឯកឧត្តម ប្រធានគណៈកម្មការចម្រុះបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និង អ្នកធ្វើដំណើរតាមដងផ្លូវ។

psm

Leave a Reply

Your email address will not be published. Required fields are marked *