ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ

ខេត្តប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍លើកឡើងថា៖ កាលពីឆ្នាំ២០២០ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសសម្រេចឱ្យជាប់ទាំងអស់នៅទូទាំងប្រទេស ដោយសារការ ផ្ទុះរីករាលដាលខ្លាំងនូវជំងឺកូវីដ-១៩ ដែលធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា ខកខានការប្រឡងមួយឆ្នាំ ហើយនៅចុងឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩ មានការថមថយចុះជាលំដាប់ ដូច្នេះរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបើកការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះឡើងវិញ។

លោកជំទាវប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចប្រជុំនាពេលនេះ គឺដើម្បីបង្កើតគណៈកម្មការបញ្ជា និងដឹកនាំរួម ព្រមទាំងការ កសាងផែនការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យរាល់សកម្មភាព ដែលមិនប្រក្រតីនៅបរិវេណមណ្ឌលប្រឡង ហើយរដ្ឋបាលក្រុង ត្រូវចុះត្រួតពិនិត្យ តាមដានសកម្មភាព និង ណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លង ដែលមានទីតាំងនៅក្បែរវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តទៅ រហូតដល់ចប់ដំណើរការប្រឡង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ណែនាំដល់គណៈកម្មការប្រឡង សហការជាមួយយុវជនសហភាព សហព័ន្ធកម្ពុជាខេត្ត រៀបចំម៉ាស៊ីនវាស់កម្ដៅ អាល់កុល និងម៉ាស់សម្រាប់ចែកដល់សិស្សានុសិស្ស ដែលមកប្រឡងឱ្យបានត្រឹមត្រូវ ចំណែក មន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមរថយន្តសង្រ្គោះមួយគ្រឿងនៅប្រចាំការកន្លែងមណ្ឌលប្រឡង ដើម្បីត្រៀមជួយសង្គ្រោះ សិស្សានុសិស្ស ជាបេក្ខជន នៅពេលមានបញ្ហាអ្វីមួយជាយថាហេតុដូចជា៖ វិលមុខ ចុកពោះ និងខ្យល់គជាដើម។

បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិន មានបេក្ខជន ដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥០៥នាក់ ស្រី ២៧៧នាក់ និងមានមណ្ឌលប្រឡងចំនួន០២មណ្ឌល រួមមាន៖ មណ្ឌលវិទ្យាសាស្ត្រសង្គម មានបន្ទប់ប្រឡងចំនួន ១៥បន្ទប់ មានបេក្ខជនចំនួន ៣៥១នាក់ ស្រី ១៩៤នាក់ និង មណ្ឌលវិទ្យាសាស្ត្រ មានបន្ទប់ប្រឡងចំនួន ០៧បន្ទប់ មានបេក្ខជនចំនួន ១៥៤នាក់ ស្រី ៩៣នាក់ ៕

psm

Leave a Reply

Your email address will not be published. Required fields are marked *