ខេត្តប៉ៃលិន ៖ លោក ចេង ញ៉ាន់ អភិបាលរងខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យមន្ត្រីជំនាញ សាខាពន្ធដារខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ អំពីតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចៀសវាងមានការយល់ច្រឡំ។។លោកអភិបាលរងខេត្តបានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការ កែសម្រួលបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ឋប្រថាប់ត្រា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។





លោកអភិបាលរងខេត្តបានបន្តថា ការងារពន្ធដារ ពិតជាវិស័យមួយដែលមានសារសំខាន់ណាស់ ក្នុងការជួយប្រមូលពន្ធលើអចលនទ្រព្យ ដែលអាចជួយបង្កើនប្រាក់ចំណូលថវិកាជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុនបន្តទៀត ។ លោកអភិបាលរងខេត្តក៏បានសង្កត់ធ្ងន់ថា ចំពោះការធ្វើបច្ចុប្បន្នភាព នៃតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះ គឺមន្ត្រីជំនាញពន្ធដារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការកំណត់តម្លៃ និងកំណត់តំបន់ឱ្យសមស្របទៅនឹងភូមិសាស្ត្រ ទាំងតំបន់ ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លីមានលក្ខណៈខុសគ្នា ដើម្បីចៀសវាងនៅពេលចុះអនុវត្តមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរ ដែនដីនិងមន្ត្រីជំនាញត្រូវសហការគ្នាធ្វើកិច្ចការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការប្រជុំនេះដែរ គឺមានគោលបំណងពិនិត្យ ឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដើម្បីធ្វើការកែសម្រួលនូវភាព ខ្វះចន្លោះជាលក្ខណៈបច្ចេកទេស និងតម្លៃឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃវិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីមានលក្ខណៈខុសគ្នា ទាំងភូមិសាស្ត្រ និងជីវភាពរស់នៅប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានឱ្យដឹងថាៈ យោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឱ្យលើសពី ៨០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាពតម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹង ភូមិសាស្ត្រនានា ដោយបន្ថែម ឬ កែសម្រួលកំណត់ផ្លូវមេបន្ថែម តំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មី ជាដើម។ លោកបន្តទៀតថា៖កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធស្តីពីការបែងចែក ភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធ ប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តន៍អស់រយៈពេលជិត១០ ឆ្នាំកន្លងមកហើយ ដើម្បីឲ្យស្របតាមការរីកចម្រើននៅកម្ពុជា ហើយបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញនូវប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់ អចលនទ្រព្យ ៕