រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ មរតកតេជោ ពិធីរាប់ថយក្រោយ៥០០ថ្ងៃ និងយុទ្ធនាការជាតិផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។





ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំលម្អិត និងដោះស្រាយបញ្ហា សេសសល់មួយចំនួននេះ សម្តេចពិជ័យសេនាក៏ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមពីសម្តេចតេជោ ហ៊ុន សែន ជុំវិញការចូលរួមពីមហាជន ក្នុងរង្វង់ ១៥០០០នាក់ នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ធ្នូឆាប់ៗខាងមុខនេះ។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងផ្នែកនីមួយៗ គឺមានការទទួលខុសត្រូវខ្ពស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ឆ្នាប់ ជាពិសេសគឺលើផ្នែក រៀបចំ ដែលមានចំនួនមនុស្សចូលរួមច្រើនជាង ១ម៉ឺននាក់ ដែលនេះជាលើកដំបូង នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយត្រូវរៀបចំទុកជាមុន ឱ្យបានល្អប្រសើរ រួមទាំងការអនុវត្តនូវវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ផងដែរ។ ដោយឡែកនៅក្នុងពិធីសម្តែងសាកល្បង ក្រុមការងារបាន រៀបចំផ្នែកនីមួយៗមានភាពរលូន ដោយមានក្រុមសម្តែងគ្រប់គ្រាន់ ហើយត្រូវបន្តសម្តែងការសាកល្បង២ទៅ៣ដងទៀត មុនដល់ថ្ងៃពិធីផ្លូវការ ១៨ខែធ្នូ ពីព្រោះពិធីធំនេះគឺត្រូវការពេលវេលា និងកែសម្រួលខ្លះៗ។ ជារួម គឺការសម្តែងសាកល្បង និងគ្រប់ផ្នែកផ្សេងៗទៀតដំណើរការ ដោយរលូន មិនមានអ្វីជាបញ្ហាធំនោះឡើយ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការបច្ចេកទេស ទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់ដែលកំពុងប្រឹងប្រែងហាត់សម និងចូលរួមប្រកប ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ពិសេសគឺលោកគ្រូ អ្នកគ្រូក៏កំពុងខិតខំយ៉ាងសកម្មបំផុត។ ដូច្នេះគ្រប់ផ្នែកទាំងអស់ទទួលបានការលើកចិត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដោយការអញ្ជើញចុះមកដឹកនាំដោយផ្ទាល់នេះ បានជំរុញឱ្យស្មារតីគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងធ្វើអស់ពីចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ ហើយឆ្លើយតបនៅនឹងមហាកិត្តិយសជាតិ មហាកិត្តិយសនៃវិមានកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតករបស់ សម្តេចតេជោ សម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ៕