រាជធានីភ្នំពេញ ៖ «រដ្ឋាភិបាលបារាំង តាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)ប្រចាំនៅកម្ពុជាសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយកៀរគរហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបនិងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត Jacques PELLET បានមានប្រសាសន៍បន្តថា ជាការពិត កម្ពុជា និងបារាំងមានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេស កិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយAFD។ កិច្ចសហប្រតិបត្តិការនេះគឺបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានការប្តេជ្ញា សម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឱ្យបាន ០,៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមាន កម្ពុជា ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថា កម្ពុជានឹងដាក់ចេញនូវ“យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ដែលជាឯកសារបង្ហាញផ្លូវដើម្បីកម្ពុជា ចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និងបរិយាប័ន្ន ។
“ឯកសារបង្ហាញផ្លូវ” គឺជាក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ក្នុងទិសដៅលើកកម្ពស់ចីរភាព កំណើន និងការកសាងភាពរាំងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។
បើតាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបារាំងបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួល ក្នុងកិច្ចដំណើរសន្តិភាពនៅកម្ពុជា ដោយឈានដល់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ខែតុលាឆ្នាំ១៩៩១ជាដើម។ សាធារណរដ្ឋបារាំង ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម អប់រំ និងគម្រោងវិនិយោគសាធារណៈជាច្រើន។
ជាក់ស្តែង នៅក្នុងឆ្នាំ២០២១នេះ, បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០,៣០ លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំងជាថ្មីម្តងទៀត ដែលបាន និងបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក៏ដូចជាបានផ្តល់នូវកិច្ចសហប្រតិប្តិការល្អប្រសើររវាងកម្ពុជា-បារាំង នាពេលកន្លងទៅ ហើយបានស្នើឱ្យបារាំងបន្តជួយសម្របសម្រួលទាក់ទាញអ្នកវិនិយោគិនបារាំង និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕