ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ប្រកាសនឹងផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូស បន្ថែមដល់កម្ពុជា

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូស បញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ៣០ម៉ឺន ដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដូសដែលបានផ្តល់ ជូនរួចរាល់។ ការសម្រេចនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ នេះ បើយោងតាមសាររបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

បើតាមឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណផលិតក្នុង ប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមការ រៀបចំភស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខ ភាពពិភពលោក។

ឯកឧត្ដមឯកអគ្គរាជទូតសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀត ដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការ ព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ប្រឈមមុខនឹងការរីករាល ដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹង ប្រព័ន្ធសុខាភិបាលគឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

សូមជម្រាបជូនថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុប ប្រមាណច្រើនជាង៦០លានដុល្លារអាម៉េរិក ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឱ្យ បានត្រឹមត្រូវផងដែរ។ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារ អាម៉េរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ ប្រជាជនដែលរងផល ប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងនូវការគោរព ដ៏ខ្ពង់ ខ្ពស់ ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលទាំងអស់ដែលកំពុងតែចាត់វិធាន ការ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយក៏សូមបួងសួងជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ដែល បាននិងកំពុងតែខិតខំប្រឹងប្រែងប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ឯកឧត្ដមបានអះអាង ថា “ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩ របស់យើង ប្រទេសជប៉ុននឹងបន្តសហការ និងធ្វើ ការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង”។

ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរាជទូតសង្ឃឹមថា ស្ថានភាពសកលលោករួមទាំង កម្ពុជានឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។ ឯកឧត្ដម ក៏ សូមបួងសួងឱ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព៕

psm

Leave a Reply

Your email address will not be published. Required fields are marked *